បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារសមាគមបន្ទាប់មាន ម្ចាស់ផ្ទះ និងម្ចាស់ផ្សារជួលឲ្យពលរដ្ឋដាក់លក់លើផ្លូវ បណ្តាលឲ្យកកស្ទះពិបាកធ្វើដំណើរ ត្រូវបានប្រជាពលរដ្ឋលើកឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។
ប្រជាពលរដ្ឋបានលើកឡើងថា៖ បន្ទាប់ពីផ្លូវបេតុងនៅខាងកើតផ្សារសមាគម ក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ធ្វើរួចរាល់ ស្រាប់តែអ្នកគ្រប់គ្រងផ្សារដាក់ឆ័ត្រយកភាស៊ីបណ្តោយឲ្យប្រជាពលរដ្ឋលក់ដូរយកផ្លូវអស់មួយចំហៀងផ្នែកខាងលិច រីឯម្ចាស់ផ្ទះវិញ យកលុយមួយថ្ងៃ៥០០០រៀលជួលឲ្យអ្នកលក់ដាក់លើផ្លូវនៅមុខរៀងខ្លួនផ្នែកខាងកើតអស់មួយប្រមាណ២ម៉ែត្រ ដែលធ្វើឲ្យផ្លូវបេតុងដែលមានទំហំ៧ម៉ែត្រ នៅសល់ប្រហែលជាង១ម៉ែត្រប៉ុណ្ណោះសំរាប់ធ្វើដំណើរចេញ.ចូល។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរក្រុងប៉ោយប៉ែតបន្តចុះរៀបចំសណ្តាប់ធ្នាប់ឲ្យដូចភ្លៀងរលឹម យ៉ាងហោចណាស់ផ្លូវ៧ម៉ែត្រ ឲ្យនៅសល់៤ទៅ៥ម៉ែត្រសំរាប់ងាយស្រួលក្នុងការធ្វើដំណើរចេញ.ចូលផង។ ទោះបីជាតំបន់ផ្សារមែន តែម្ចាស់ផ្ទះ និងម្ចាស់ផ្សារខាងលើមិនគួរណាយកផ្លូវសាធារណៈនៅតាមមុខផ្ទះ ឬមុខផ្សាររបស់ខ្លួនជួលឲ្យអ្នកលក់ដាក់នៅលើផ្លូវសាធារណៈបែបនេះទេ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ។
លោក ស្រី ផេង អេណា អ្នកគ្រប់គ្រងផ្សារសមាគមបានលើកឡើងថា៖ ពិតជាមានការដាក់ឆ័ត្រនៅលើផ្លូវមែន ហើយការរយកប្រាក់ពីអ្នកលក់កញ្ច្រែងល្អីត្រីបន្ថែតិចតួចក្នុងមួយថ្ងៃ១០០០រៀល គ្រាន់តែសុំទុកថ្លៃបង់អានាម័យប៉ុណ្ណោះ ព្រោះពួកគាត់មិនមានលទ្ធភាពជួលតូប ហើយពួកគាត់ដាក់តែមួយព្រឹកប៉ុណ្ណោះ យ៉ាងយូរត្រឹមម៉ោង៩ទៅម៉ោង១០ព្រឹកគឺរើចេញអស់ហើយ ម្យ៉ាងវិញទៀតពួកគាត់ចេះតែមកសុំអង្វរដាក់លក់គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា៖ កន្លងមកគេឃើញមានកម្លាំងចម្រុះ ដែលមានអាជ្ញាធររួមជាមួយកម្លាំងនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ចុះធ្វើសណ្តាប់ធ្នាប់ចរាចរណ៍ជុំវិញផ្សារសមាគផងដែរ តែការធ្វើនេះហាក់ដូចជាវែកចក មានរបៀបរៀបរយនៅពេលដែលសមត្ថកិច្ចអាជ្ញាធរចុះអប់រំរៀបចំតែប៉ុណ្ណោះ ៕