ភ្នំពេញ៖ គួរឱ្យស្ញើចសរសើរណាស់ នាយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តារាសម្ដែងស្រី អ្នកនាង សូដានីតា បានប្រកាសមិនយកបំណុលជិត ៥ម៉ឺនដុល្លារ ដែលតារាសម្ដែងស្រី អ្នកនាង សឿ សុធារ៉ា បានជំពាក់ កាលពីកន្លងមក។ ការសម្រេចចិត្តនេះ ក្រោយឃើញតារាសម្ដែងសឿ សុធារ៉ា ជួបទុក្ខធំ ដែលអ្នកម្ដាយជាទីស្រលាញ់ទទួលមរណភាព កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
កាន់តែអាណិតអាសូរ និងស្រណោះជាពន់ពេកនោះ ជីវភាពអ្នកនាង សឿ សុធារ៉ា កាន់តែដុនដាបខ្លាំង គ្មានសូម្បីលុយធ្វើបុណ្យសពម្ដាយ ខណៈបំណុល ក៏នៅជំពាក់គេច្រើន។
អ្នកនាង សូ ដានីតា បានសរសេរបង្ហោះលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «នាងខ្ញុំ សូ ដានីតា សូមប្រកាសលើកលែងបំណុល ដែលប្អូន សឿ សុធារ៉ា ជំពាក់លុយចំនួន ជិត ៥ម៉ឺនដុល្លារកន្លងមក ដែលកំឡុងកាលពីខែកក្កដា ឆ្នាំ២០២១ ប្អូន Sapoun Darapemean សឿសុធារ៉ា បានលេង និងដេញតុងទីនជាមួយនាងខ្ញុំជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ»។
សូ ដានីតា បន្តថា៖ «ដោយរយៈពេលនេះ នាងខ្ញុំបានឃើញប្អូនធារ៉ា ពិបាកខ្លាំង និង ឲមានទុក្ខជាទម្ងន់ដោយម្តាយរបស់ប្អូនស្រីទទួលរមណភាព ឃើញសភាពប្អូនពិបាកខ្លាំង សូម្បីតែប្រាក់ធ្វើបុណ្យម្តាយក៏គ្មាន ហេតុដូច្នេះ នាងខ្ញុំសូមប្រកាសលើកលែងបំណុលចំនួនខាងលើចោលទាំងអស់»។ទន្ទឹមនឹងនេះ អ្នកនាង សូដានីតា ក៏បានប្រកាស ចូលរួមរំលែកទុក្ខអតីតតារាសម្ដែងស្រី អ្នកនាង សឿ សុធារ៉ា ពីចម្ងាយ និងបានចូលរួមបច្ច័យបុណ្យ ៧ថ្ងៃសពម្តាយអ្នកនាង សឿ សុធារ៉ា ចំនួន ៥០ដុល្លារ តាមរយៈលោក កៅ សីហា»៕