សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយប្រតិភូវិនិយោគបារាំង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបចង្អៀតជាមួយរដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង
ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ និងបានជម្រាបជូន ប្រតិភូវិនិយោគបារាំងទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការ វិនិយោគពីវិស័យឯករីជនតាមរយៈ មករោង B.O.T។
ពាក់ព័ន្ធនឹងថាមពលស្អាត សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាត ប្រមាណ៦២% ហើយកំពុងតែទាក់ទាញវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុម័ត ឲ្យបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្ម ថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជាផងដែរ នោះគឺការជំរុញ នយោបាយឧស្សាហកម្ម ជំរុញឲ្យមានការវិនិយោគ លើឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធានដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវជាដើម សម្រាប់ធ្វើការកែច្នៃមិនត្រឹមតែទៅកាន់ទីផ្សារកម្ពុជាទេប៉ុន្តែទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជាទៀតផង៕