ឯកឧត្តម បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរៀបចំផនការចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ...
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំរៀបចំផែនការចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខ។
កិច្ចប្រជុំនេះក៌មានការអញ្ជេីញចូលរួម ពី ឯកឧត្តម ឃ្លោក នួយ ឯកឧត្ដម ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក និងសមាជិកក្រុមការងារគណបក្សចុះមូលដា្ឋនឃុំទាំង០៦ ព្រមទាំងក្រុមការងារគណបក្សចុះមូលដា្ឋនភូមិទាំង៥៩ យុវជនស្រុក-ឃុំ និងភូមិ ដែលប្រារព្ធធ្វេីឡេីងនៅទីស្នាក់ការគណបក្សស្រុកភ្នំស្រុក។
នាឱកាសនោះ ឯកឧត្ដម បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ជូនពោះសមាជិក-សមាជិការ ដោយក្តីនឹករលឹកផងដែរ។
ឯកឧត្ដម បោន ប៊ិន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ បម្រើប្រជាជន អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ បើកទូលាយទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ធ្វើជាមូលដ្ឋាននៃកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួន ដោយផ្អែកលើសភាពការណ៍ជាក់ស្ដែងក្នុងប្រទេស និងនិន្នាការនៃសកលលោក។
ឯកឧត្ដម បន្តថា ក្នុងរយៈពេល៧២ឆ្នាំមកនេះ ទោះបីត្រូវប្រឈមនឹងភាពបត់បែន និងការប្រែប្រួល យ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជន ពុះពារឆ្លងកាត់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្ររបស់ជាតិប្រកបដោយវីរភាព ជាពិសេសបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីសង្គ្រោះអាយុជីវិតជាតិ និងប្រជាជន ការការពារជាតិ ស្តារ និងកសាងប្រទេសឡើងវិញ, ការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន។
នាឱកាសនោះដែរ ឯកឧត្តម បោន ប៊ិន ក៏បានផ្តល់សារ៉ុងសរុបចំនួន២១,៤៩០សារ៉ុង(ពីរម៉ឺន មួយពាន់ បួនរយ កៅសិប) ជូនដល់ឃុំទាំង៦ ដេីម្បីផ្តល់ជូនដល់សមាជិកបក្សនៅមូលដ្ឋានទាំង៥៩ភូមិ ទូទាំងស្រុកភ្នំស្រុក ថែមទាំងបានឧបត្ថម្ភនូវថវិកាចំនួន៦លានរៀលសម្រាប់៦ឃុំផងដែរ៕